ក្រុមហ៊ុន Xiaomi ប្រជែងឈ្នះក្រុមហ៊ុន Samsung នៅចិន

យោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC ការលក់ទូរស័ព្ទក្រុមហ៊ុន Xiaomi Corp. បានកើនឡើងជិតបីដង ដោយបានយកឈ្នះក្នុងក្រុមហ៊ុន Samsung ក្លាយជាក្រុមហ៊ុនលក់ទូរស័ព្ទទំនើបលេខមួយនៅប្រទេសចិន។
ក្រុមហ៊ុន IDC បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Xiaomi ដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០១០ បានលក់ទូរស័ព្ទបានចំនួន ១២,៥ ភាគរយនៃចំនួនទូរស័ព្ទ ៤២១ លានគ្រឿងដែលបានលក់ក្នុងប្រទេសចិនក្នុងអំឡុង ២០១៤ ដោយបានកើនឡើងពីចំណែកទីផ្សារ ៥,៣ ភាគរយកាលពី ឆ្នាំ២០១៣។ ការលក់របស់ក្រុមហ៊ុន Samsung បានធ្លាក់ចុះចំនួន ២២ ភាគរយ ដែលជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនលក់ទូរស័ព្ទបានច្រើនជាងគេទាំង ៥ ក្នុងប្រទេសចិនដែលបានធ្លាក់ចំនួនលក់ ហើយចំណែកទីផ្សាររបស់ក្រុមហ៊ុននេះបានធ្លាក់ចុះមកនៅត្រឹមចំនួន ១២,១ ភាគរយ។

អគ្គនាយកក្រុមហ៊ុន Xiaomi លោក Lei Jun មានផែនការជំរុញឲ្យក្រុមហ៊ុនរបស់លោកលូតលាស់ក្លាយជាក្រុមហ៊ុនលក់ទូរស័ព្ទដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងបីក្នុងពិភពលោកតាមរយៈយុទ្ធសាស្ត្រចំណាយទាប និងទិសដៅធ្វើទីផ្សារសម្រាប់ទូរស័ព្ទទំនើបរបស់ខ្លួន។ បើទោះជាលោក Lei បានវិនិយោគក្នុងក្រុមហ៊ុនទើបបង្កើតថ្មីៗ ដើម្បីផលិតឧបករណ៍ចល័តប្រភេទថ្មីៗក្តី ក៏ទូរស័ព្ទរបស់លោកនៅមានកម្រិតនៅឡើយ ដោយភាគច្រើនមានតែក្នុងប្រទេសចិននិងប្រទេសខ្លះនៅអាស៊ី។
ក្រុមហ៊ុន IDC បានឲ្យដឹងថា៖ «ការផ្តោតរបស់ក្រុមហ៊ុន Xiaomi លើការលក់ទូរស័ព្ទទំនើបតម្លៃទាបដែលមានកម្មវិធីសមរម្យ និងការផ្សព្វផ្សាយពាណិជ្ជកម្មដែលក្រុមហ៊ុននេះបានបង្កើតឡើងតាមរយៈការលក់ Flash របស់ខ្លួននោះ បានជួយឲ្យក្រុមហ៊ុននេះទទួលបានតំណែងកំពូលនេះ»។
បើទោះជាចំណែកទីផ្សាររបស់ក្រុមហ៊ុន Lenovo Group បានកើនឡើងដល់ ១៣,៧ ភាគរយក្នុង ប្រទេសចិន កាលពី ឆ្នាំ២០១៣ ក្តី ក៏ចំណែកទីផ្សាររបស់ក្រុមហ៊ុននេះបានធ្លាក់មកនៅត្រឹមចំណាត់ថ្នាក់ទីបី គឺ ១១,២ ភាគរយ នេះបើតាមក្រុមហ៊ុន IDC។ ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Coolpad Group បានធ្លាក់ចេញពីក្រុមហ៊ុនធំៗទាំង៥។

កំណើននាំចូលទូរស័ព្ទរបស់ប្រទេសចិន អាចនឹងធ្លាក់ចុះទ្វេដងក្នុងឆ្នាំនេះ ពី ២០ ភាគរយនៅ ឆ្នាំ២០១៤ មកត្រឹម ១០ ភាគរយ ខណៈការកាត់បន្ថយការផ្តល់ឧបត្ថម្ភធនរបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទបានប៉ះពាល់ដល់តម្រូវការ។
នៅត្រីមាសទីបួន ក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់ទីពីរបន្ទាប់ពីក្រុមហ៊ុន Xiaomi។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន IDC ក្រុមហ៊ុន Apple មិនស្ថិតក្នុងចំណោមក្រុមហ៊ុនលក់ទូរស័ព្ទបានច្រើនជាងគេទាំង ៥ នោះទេ៕
Post A Comment
No comments :