ចាប់ពីពេលនេះ ការបើក Link តាម Facebook Messenger នឹងលឿនជាងមុន ១០ដង ដោយសារក្រុមហ៊ុនទើបបញ្ចូលមុខងារ Instant Article ថ្ងៃនេះ
បន្ទាប់ពីធ្វើកំណែប្រែរយៈពេល ១ឆ្នាំមកនេះ ក្រុមហ៊ុន Facebook បានសម្រេចចិត្តពង្រីកមុខងារ Instant Articles ទៅលើកម្មវិធីផ្ញើឆាត Messenger ហើយ។ បច្ចុប្បន្នភាពថ្មីនេះ នឹងអាចឱ្យអ្នកលេង Facebook ធ្វើការបើកមើលអត្ថបទព័ត៌មានផ្សេងៗបានយ៉ាងរហ័ស នៅក្នុងកម្មវិធី Messenger ផ្ទាល់ ពោលកម្មវិធីនេះ អាចបើកបាន ដោយមិនចាំបាច់ចាកចេញពី Messenger រួចទៅបើកកម្មវិធី browser ដើម្បីអាចមើលបាន ដូចពេលមុនទៀតនោះទេ។
តាមធម្មតា នៅពេលអ្នកចុចលើតំណភ្ជាប់នៃវែបសាយណាមួយ នឹងត្រូវរង់ចាំឱ្យកម្មវិធី browser ជាអ្នកបើកមើល (load) ចូលទៅកាន់គេហទំព័រនោះ។ ប៉ុន្តែជាមួយអត្ថបទ Instant Article ដែលចែកចាយ (share) ដែលសម្គាល់ដោយរូបរន្ទះដិត នោះនៅពេលចុច វានឹងបើកអត្ថបទព័ត៌មានបានលឿនជាងមុន ១០ដង ជាមួយកម្មវិធី Messenger ផ្ទាល់ ដែលវាមានលក្ខណៈ ដូចគ្នាទៅនឹងកម្មវិធី Facebook app ដែរ។ ការដែលអាចបើក (load) បានលឿនដូច្នេះ គឺដោយសារ Facebook បានបង្ហោះ article ទាំងនោះនៅលើម៉ាស៊ីនមេ (server) របស់ខ្លួន ហើយបង្ហាញអត្ថបទទាំងនោះមកវិញ ក្នុងទម្រង់ស័ក្ដិសមមួយសម្រាប់ស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិកចល័ត។
លោក Josh Roberts អ្នកគ្រប់គ្រងផ្នែកផលិតផលរបស់ Facebook បានលើកឡើងថា៖ «បណ្ដា Link ដែលបាន share តាម Messenger ពីមុន ដើម្បីអាចបើកបានគឺត្រូវប្រើ mobile browser ប៉ុន្តែចាប់ពីពេលនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook អាចទទួលយកបទពិសោធន៍ថ្មី ល្បឿនលឿនក្នុងការបើក Link ដែលជាអត្ថបទព័ត៌មានផ្សេងៗ តាមកម្មវិធី Messenger ដោយផ្ទាល់បាន។»
វាអាចជាមុខងារពិសេសអស្ចារ្យមួយសម្រាប់អ្នកចូលចិត្តអានព័ត៌មាន ប៉ុន្តែក៏មានសំណួរចោទឡើងអំពីកម្រិតនៃការគ្រប់គ្រង Instant Article ផ្ដល់ឱ្យបណ្ដាញសង្គមនេះផងដែរ។ ដោយរក្សាទុកចំនួនអ្នកអាន ជាមួយនឹងប្រព័ន្ធអេកូ (ecosystem) ក្រុមហ៊ុន Facebook នឹងអាចប្រមូលទិន្នន័យអ្នកប្រើប្រាស់បានច្រើនជាងមុន និងងាយស្រួលបង្ហាញពាណិជ្ជកម្មដល់អ្នកលេង Facebook បានកាន់តែច្រើន។ ក្រុមហ៊ុនបានបញ្ជាក់ថា Instant Articles នឹងមានវត្តមាននៅលើប្រព័ន្ធ Android នៅថ្ងៃនេះហើយ ខណៈដែល iOS គឺត្រូវរង់ចាំប៉ុន្មានសប្ដាហ៍ខាងមុខ៕
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព៖ Thephnompenhtime
ប្រភព៖ Thephnompenhtime
Post A Comment
No comments :