Nokia នឹងត្រឡប់មកវិញ ជាមួយស្មាតហ្វូនថ្មីខ្លាំង ២ម៉ូដែល អេក្រង់ 2K, Snapdragon 820 បច្ចេកវិទ្យាមិនជ្រាបទឹក IP69 នឹងបង្ហាញខ្លួនចុងឆ្នាំ២០១៦
ផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ GizmoChina ថ្មីៗនេះ បានបង្ហាញច្បាស់ៗនូវស្មាតហ្វូនថ្មីចំនួនពីរម៉ូដែល ដែលគេហ៊ានអះអាងថា ជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nokia ដែលបាត់មុខអស់មួយរយៈធំ បន្ទាប់ពីក្រុមហ៊ុន Microsoft ទិញយក។ នេះមានន័យថា លោកអ្នកនឹងជិតបានឃើញទូរស័ព្ទម៉ាកសញ្ញា Nokia ស៊េរីថ្មីចរាចរនៅលើទីផ្សារសាជាថ្មីក្នុងពេលឆាប់ៗខាងមុខ។
ទូរស័ព្ទ Nokia ទាំងពីរម៉ូដែលត្រូវប្រភពអះអាងថា នឹងមានអេក្រង់កម្រិត 2K បំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 820 ហើយក៏មានបច្ចេកវិទ្យាការពារការជ្រាបទឹក IP68 មិនចាញ់ស្មាតហ្វូនទំនើបៗបច្ចុប្បន្នឡើយ។ តាមការបែកធ្លាយរូប Nokia នេះ ត្រូវបានគេសន្និដ្ឋានថា វានឹងបំពាក់អេក្រង់ទំហំ ៥,២អ៊ីញ និង ៥,៥អីញ ហើយគាំទ្រកម្រិតបង្ហាញរូប 2K នៅលើស្មាតហ្វូនទាំងពីរដូចគ្នា។ យ៉ាងណា គេមិនទាន់ហ៊ានប្រាកដអំពីកម្រិត resolution របស់វានៅឡើយ ប៉ុន្តែគេរំពឹងថា វានឹងមានកម្រិត QHD resolution OLED នៅលើទាំងពីរស៊េរីតែម្ដង។
រីឯទំហំកាមេរ៉ាហាក់នៅឆ្ងាយបន្តិច ដោយគេសន្និដ្ឋានថា វាអាចមានទំហំ 22.6MB។ នេះបើតាមមតិអ្នកគាំទ្រផលិតផល Nokia លើកឡើង។ យោងតាមវែបសាយ GizmoChina ឱ្យដឹងទៀតថា Nokia ទាំងពីរស៊េរីថ្មីនេះ នឹងត្រៀមវាយលុកទីផ្សារប្រទេសចិន ដែលម៉ូដែល ៥,៥អ៊ីញអាចមានតម្លៃប្រហែល ៥០០ដុល្លារអាមេរិក។ Nokia ស៊េរីថ្មីដែលមិនទាន់ស្គាល់ឈ្មោះទាំងពីរនេះ ត្រូវគេរំពឹងថា នឹងត្រូវវែកមុខនៅអំឡុងចុងឆ្នាំ២០១៦ នេះហើយ ប៉ុន្តែអាចជាមានលក់ចាប់ពីត្រីមាសទី ១ ឆ្នាំ២០១៧៕
Post A Comment
No comments :